កោះសង្សារ រមណីយដ្ឋានសាសងស្នេហា
រមណីយដ្ឋាន “កោះសង្សារ” ដែលជារមណីយដ្ឋាននៃកោះឯកជនមួយ ស្ថិតនៅប្រជុំកោះរុងនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាសណ្ឋាគារ និងរមណីយដ្ឋានដ៏ល្អបំផុតគ្មានគូប្រៀបកំពុងទន្ទឹងការអញ្ជើញទៅកម្សាន្ត អំពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសក្នុងទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ហ្នឹងតែម្តង។
ស្ថិតនៅប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ទេសភាពខ្សាច់សក្បុសហ៊ុមព័ទ្ធផ្ទះឈើប្រក់ស្បូវប្រណីតបានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរ។ នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ ខុសពីឆ្នេរសមុទ្រដែលមានមនុស្សម្នាក់កកុញ នៅទីនេះហ្វូងមច្ឆជាតិហែលឆ្វែលឆ្វាត់លោតផុតពីទឹកសមុទ្រពណ៌ខៀវថ្លាឆ្វង់ ខណៈបក្សាបក្សីសំចតកាយនៅលើមែកដើមកោងកាងយ៉ាងក្លាហាន។
ស្ថិតនៅចម្ងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ រមណីយដ្ឋានកោះទាំង២នេះមានបុគ្គលិកផ្ទះបាយ អ្នកច្នៃម៉ូដអគារ និងមគ្គុទ្ទេសក៍សុទ្ធតែលំដាប់ផ្កាយ។ ភ្ញៀវដែលប្រាថ្នាមកកម្សាន្តនៅទីនេះអាចធ្វើដំណើរតាមទូក ឬក៏ឧទ្ធម្ភាគចក្រក៏បាន។ កោះសង្សារទាំងគូស្ថិតនៅគម្លាតពីគ្នាមិនដល់១គីឡូម៉ែត្រផង ហើយភ្ញៀវអាចឆ្លងទៅវិញទៅមកតាមរយៈស្ពានឈើលើទឹក។ ផ្ទះវីឡាឈើដ៏ប្រណីតចំនួន២៧ខ្នងបានបំផុសខ្លួនចេញពីព្រៃព្រឹក្សា តំបន់ឆ្នេរ និងខ្លះទៀតស្ថាបនាលេចចេញពីផ្ទៃសាគរ។ នៅជុំវិញកោះពោរពេញទៅដោយជីវិតក្រោមបាតសមុទ្រ ឯនៅផ្ទៃគោកវិញក៏សម្បូរទីកម្សាន្តផងដែររួមមានកន្លែងហាត់ប្រាណភោជនីយដ្ឋានចំនួន២ មជ្ឈមណ្ឌលសម្រាប់កក់ដំណើរកម្សាន្ត ជួលយានជំនិះផ្សេងៗ ក៏ដូចជាលេងកីឡាក្នុង និងលើទឹក។
ក្នុងចំណោមកោះទាំង២ កោះបង គឺជាកោះដែលមានទិដ្ឋភាពស្រស់បំព្រង និងគ្របដណ្ដប់ទៅដោយរុក្ខជាតិធំៗដូចក្នុងព្រៃភ្នំ។ នៅទីនោះមិនមានស្លាកសញ្ញាប្រាប់ផ្លូវអ្វីច្រើនទេ ពោលគឺភ្ញៀវអាចដើរលេង ទស្សនាបក្សាបក្សី និងតំបន់ឆ្នេរមានដុំសិលាដ៏ស្ងប់ស្ងាត់ និងលន្លង់លន្លោច។ ទេសភាពបែបនេះបានក្លាយជាចំណីចក្ខុមួយដ៏កម្រនៅប្រទេសកម្ពុជា។ នៅខាងក្រោយផ្ទះវីឡាទាំងនោះក៏មានអាងហែលទឹកលយប៉ប្រ៉ះផ្ទៃសមុទ្រ ធ្វើឲ្យអ្នកហាក់បីដូចជាកំពុងត្រាំទឹកប្រៃឥតកោះត្រើយ។ សម្រាប់អាហារវិញភ្ញៀវអាចធ្វើការកុម្ម៉ង់ហៅតាមបញ្ជីមុខម្ហូប ដើម្បីយកមកទទួលទាននៅក្នុងបន្ទប់ ឬខ្ចូស។ ថ្វីដ្បិតតែមកដល់ភ្លាម អ្នកមានអារម្មណ៍ថាហាក់បានមកដល់កោះដាច់ស្រយាលក៏ពិតមែន ប៉ុន្តែនៅទីនេះមានសកម្មភាពកម្សាន្តជាច្រើនរង់ចាំអ្នក មិនឲ្យនៅទំនេរគេងញ៉ាំអាហារ និងស្រាតែមួយមុខនោះទេ។ នៅពេលព្រឹកព្រហាម គ្រូបង្វឹកអាចជួយបង្ហាត់យោគៈដល់អ្នក។ នៅពេលព្រះអាទិត្យអស្ដង្គត បុគ្គលិកក៏អាចជូនអ្នកទៅទស្សនាភាពយន្តនៅរោងកុនឯកជនលើកោះនេះផង ដែរ។
កោះសង្សារមិនត្រឹមជាទីកម្សាន្តនោះទេ វាក៏ជាកន្លែងផ្សារភ្ជាប់មនោសញ្ចេតនារបស់អ្នកទៅនឹងវប្បធម៌ ជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះមគ្គុទេ្ទសក៍របស់អ្នកក៏អាចនាំអ្នកទៅលេងព្រៃកោងកាង ដែលជាមរតកធម្មជាតិបន្សល់ទុកមកជាច្រើនទសវត្សរ៍មកហើយ៕



Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment