ក្រុមឈុតធំកម្ពុជាប្រកួតមិត្តភាព៣ប្រកួតទៀតមុនជម្រុះ 2018 World Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំនឹងប្រកួតមិត្តភាព៣ប្រកួតនៅចុងខែនេះ និងដើមខែក្រោយមុនពេលព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោកដ៏សំខាន់មកដល់នៅខែមិថុនា។
នៅថ្ងៃទី២៨ ខែឧសភានេះ ក្រុមឈុតធំជម្រើសជាតិត្រូវប៉ះជាមួយក្រុមកីឡាករអាហ្វ្រិកដែលប្រកបអាជីពនៅប្រទេសកម្ពុជាវេលាម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ កាលពីសប្តាហ៍មុនក្រុមកម្ពុជាបានយកឈ្នះក្រុម Cambodian Tiger FC ដោយលទ្ធផល២-១នៅទីលានវេស្ទើន ហើយកាលពីថ្ងៃអាទិត្យ ទី១៧ កន្លងទៅនេះបានប្រកួតឈ្នះក្រុមកីឡាករជប៉ុនដែលប្រកបអាជីពនៅកម្ពុជាដោយលទ្ធផល៤-១។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ
ចំពោះក្រុមកីឡាករអាហ្វ្រិកប្រកបអាជីពនៅកម្ពុជាវិញ កាលពីដើមខែនេះបានបំបាក់ក្រុមឈុត U-23 កម្ពុជាដែលត្រៀមទៅស៊ីហ្គេមដោយលទ្ធផល៤-០ មុនពេលឈ្នះក្រុមស្វាយរៀងដោយលទ្ធផល២-០ ទៀតកាលពីយប់មិញនៅកីឡដ្ឋានជាតិអូឡាំពិក។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះ ក្រុមឈុតធំជម្រើសជាតិកម្ពុជាត្រូវទទួលភ្ញៀវឡាវនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា មុនពេលធ្វើដំណើរទៅប្រទេសថៃដើម្បីជួបប្រកួតនឹងក្រុមមីយ៉ាន់ម៉ានៅថ្ងៃទី៥ ខែមិថុនា។
នេះជាសកម្មភាពនៃបង្កើនសមត្ថភាព កម្លាំង និងបច្ចេកទេសដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ប្រកួតជម្រុះក្នុងយុទ្ធនាការបាល់ទាត់ពិភពលោកឆ្នាំ២០១៨ដែលក្រុមកម្ពុជាទទួលភ្ញៀវសិង្ហបុរីនាថ្ងៃទី១១ និងប៉ះអាហ្វាហ្គានីស្ថាននាថ្ងៃទី១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាដែលជួសជុលទីលានកាលពីពេលថ្មីៗនេះ៕
Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment