អង្គការយុវសន្តិភាព ហៅកាត់ថា (YFP) ផ្តើមគំនិតបង្កើតស្តូបរំលឹកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក្នុងប្រទេសកម្ពុជា ដើម្បីទុកអោយប្រជាពលរដ្ឋចងចាំ និងស្គាល់ពីតម្លៃនៃសន្តិភាព។ការផ្ដើមគំនិតនេះ ធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីស្តូបរំលឹកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលគេធ្វើឡើងពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ឧសភា នៅទីស្នាក់ការអង្គការយុវសន្តិភាពនាទីក្រុងភ្នំពេញ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ នៅតែមានតម្លៃសម្រាប់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាកិច្ចព្រមព្រៀងនេះមានអាយុកាលជាង ២០ឆ្នាំមកហើយក្ដី។ ក្រុមអង្គការសង្គមស៊ីវិល អ្នកវិភាគ ចាត់ទុកកិច្ចព្រមព្រៀងនេះជាអាយុជីវិតប្រទេសជាតិ និងប្រជាជនកម្ពុជា។ ប្រការនេះហើយ ទើបអង្គការយុវសន្តិភាព បានធ្វើសិក្ខាសាលាដើម្បីពិគ្រោះយោបល់បង្កើតស្តូប ឬវត្ថុអ្វីមួយទុកជាការរំលឹកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងចងចាំ ដែលជាកេរដំណែលដ៏មានតម្លៃក្នុងប្រវត្តិសាស្ត្រកម្ពុជា។
នាយកប្រតិបត្តិនៃអង្គការយុវសន្តិភាព និងជាស្ថាបនិកនៃវិទ្យាស្ថានសន្តិភាពកម្ពុជា លោក ឡុង ខែត្រ ដែលរៀបចំសិក្ខាសាលាស្ដីពីស្តូបរំលឹកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះ មានប្រសាសន៍ថា ស្តូបរំលឹកកិច្ចព្រមព្រៀងសន្តិភាព គឺជានិមិត្តរូបនៃការផ្សះផ្សាជាតិ ឬជាការបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ ដើម្បីធ្វើដំណើរលើមាគ៌ាសន្តិភាព និងការស្ដារប្រទេសកម្ពុជា ឡើងវិញ បន្ទាប់ពីប្រទេសនេះមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំនោះ៖ «យ៉ាងនេះក្ដី លោកក៏មិនទាន់ច្បាស់ថា តើនឹងបង្កើតស្តូបនេះនៅពេលណាជាក់លាក់ដែរ៖ «កាលណាយើងមានស្តូប ឬវត្ថុរំលឹក គឺយើងនឹកទៅដល់ថាតើអាហ្នឹង (កិច្ចព្រមព្រៀងទីក្រុងប៉ារីស) វាមានប្រវត្តិបែបណា? តើការចូលរួមរបស់ភាគីជម្លោះ បានធ្វើអ្វីខ្លះដើម្បីអោយមានដំណើរការសន្តិភាព? ម្យ៉ាងវិញទៀត វាជាមេរៀនល្អ និងជានិមិត្តរូបល្អសម្រាប់ប្រទេសយើងទៅមុខទៀត»។
លោក ឡុង ខែត្រ បន្តថា សិក្ខាសាលាពីរថ្ងៃនេះ គឺដើម្បីប្រមែប្រមូលនូវទស្សនៈ គំនិតរបស់អ្នកចូលរួម ដើម្បីបង្កើតស្តូបរំលឹកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យបាន។ ការបង្កើតស្តូបនេះដែរ លោកទាមទារអោយមានការចូលរួមថវិកាខ្លះពីប្រជាពលរដ្ឋទាំងអស់ ទោះតិចក្ដី ច្រើនក្ដី ព្រោះជានិមិត្តរូបរួម។ យ៉ាងនេះក្ដី លោកក៏មិនទាន់ច្បាស់ថា តើនឹងបង្កើតស្តូបនេះនៅពេលណាជាក់លាក់ដែរ។
យុវនិស្សិតស្រី ទឹម ច័ន្ទតារា ដែលបានចូលរួមក្នុងសិក្ខាសាលានេះ គាំទ្រចំពោះគម្រោងបង្កើតស្តូបនេះ ព្រោះខួបកំណើតនៃទិវាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ទើរត្រូវបានបំភ្លេចចោលទៅហើយ ពោលគឺមិនសូវឮអ្នកណានិយាយដល់ទេ៖ «នៅពេលខ្ញុំបានចូលរួមសិក្ខាសាលានេះ ខ្ញុំបានយល់ដឹងច្រើននៃគុណតម្លៃរបស់ស្តូបរំលឹកកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ កន្លងមកយើងឃើញថា នៅក្នុងសង្គម អ្នកដឹកនាំ អ្នកនយោបាយ ហាក់មិនសូវលើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកនិយាយច្រើនទេ។ តាមពិតកិច្ចព្រមព្រៀងសន្តិភាពនេះ មានតម្លៃណាស់ ដែលជួយកម្ពុជា អោយមានសន្តិភាពរហូតមកឥឡូវនេះ»។
គិតមកដល់ពេលនេះ មានរយៈពេល ២៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា ចាប់ផ្ដើមស្គាល់រស់ជាតិសន្តិភាពឡើងវិញ ក្រោយភាគីជម្លោះនយោបាយកម្ពុជា ទាំង ៤ភាគី បានចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមហែកហួរគ្នារវាងខ្មែរនឹងខ្មែរអស់រយៈពេលជាច្រើនឆ្នាំនោះ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះខ្មែរទាំង ៤ក្រុមនោះ រួមមាន ភាគីរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ក្រុមរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន ក្រុមខ្មែរក្រហម និងភាគីរដ្ឋកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីនេះទៀត ក៏មានការចូលរួមពីអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងប្រមុខការទូតមកពី ១៨ប្រទេសផ្សេងទៀត។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាថ្ងៃដែលបាននាំមកនូវប្រជាធិបតេយ្យ សន្តិភាព ការឯកភាពជាតិ និងបង្រួបបង្រួមជាតិ ព្រមទាំងសេដ្ឋកិច្ចទីផ្សារសេរី។ លើសពីនេះទៀត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាឯកសារដ៏មានសារសំខាន់ជាអន្តរជាតិក្នុងទិសដៅការពារអធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព និងបូរណភាពទឹកដីកម្ពុជា សម្រាប់ខ្មែរគ្រប់ជំនាន់។
បើទោះបីជាបែបនេះក្តី អ្នកវិភាគរិះគន់ថា បច្ចុប្បន្ននេះ អ្នកនយោបាយខ្មែរមិនទាន់គោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពេញលេញនៅឡើយទេ។ មិនទាន់គោរពតាមពេញលេញ ព្រោះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានក្លាយជាចំណាប់ខ្មាំងរបស់អ្នកនយោបាយ ដោយយកមកប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍តែរៀងៗខ្លូន និងដណ្ដើមមុខមាត់គ្នាទៅវិញទៅមក។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ កើតចេញពីវប្បធម៌សន្ទនារវាងភាគីជម្លោះទាំង៤ ហើយគណបក្សជាប់ឆ្នោតទាំងពីរកំពុងអនុវត្តវប្បធម៌សន្ទនានេះ គឺគ្មានអ្វីថ្មីទេ បើសិនជាគណបក្សជាប់ឆ្នោតទាំងពីររក្សាវប្បធម៌សន្ទនានេះបានល្អ មានន័យថា គណបក្សទាំងពីរដើរតាមគន្លងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ទាក់ទងនឹងបញ្ហានេះ តំណាងអង្គការយុវសន្តិភាព ចង់បង្កើតស្តូបរំលឹកអនុស្សាវរីយ៍សន្តិភាពទីក្រុងប៉ារីសនេះ ឲ្យបានឆាប់ៗខាងមុខ ដើម្បីឲ្យក្មេងជំនាន់ក្រោយចងចាំស្នាដៃរបស់អ្នកបង្កើតកិច្ចព្រមព្រៀងនេះ។ ម្យ៉ាងទៀត ដើម្បីឲ្យអ្នកដឹកនាំគ្រប់ជំនាន់គោរពកិច្ចព្រមព្រៀងដ៏មានតម្លៃនេះ ជៀសវាងមេដឹកនាំខ្មែរមានជម្លោះនឹងគ្នាមិនចេះចប់៕
Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment