Monday, June 15, 2015

ក្រុមកីឡា​ចំបាប់​កម្ពុជា​5​រូប​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​សិង្ហ​បុរី

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ចំបាប់​កម្ពុជា​ចំនួន​៥​រូប​ដែល​ដឹកនាំ​ដោយ​លោក​ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា កន្លង​មកនេះ ។

លោក​ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បានឱ្យ​ដឹង​មុន​ពេល​ចេញដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ក្រុមកីឡា​ចំបាប់​កម្ពុជា ដែល​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​ចែក​ចេញ​ជា​៥​ប្រភេទ​ទម្ងន់ ក្នុង​នោះ​កីឡាករ​ឌ​ន សៅ ប្រកួត​ចំបាប់​សេរី ក្នុង​ប្រភេទ​ទម្ងន់​៩៧​គីឡូ​ក្រាម ។ កីឡាករ​ងួ​ន មក​រា ប្រកួត​ចំបាប់​សេរី​ដូច​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៧៤​គីឡូក្រាម​, កីឡាករ​ជុន ធួន ប្រកួត​ចំបាប់​សេរី ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​, កីឡាការិនី​ឌ​ន ស្រី​ម៉ៅ ប្រកួត​ចំបាប់​សេរី ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម និង​កីឡាករ​ឆាំ ពិ​សិន ប្រកួត​ចំបាប់​ក្រិ​ច​កូ​រ៉ូ​ម៉ាំង ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ចំបាប់​ក្រិ​ច​កូ​រ៉ូ​ម៉ាំង គឺ​គេ​អនុញ្ញាត​ឱ្យ​ចាប់​បោក​ត្រឹម​ចង្កេះ​ចុះ​ក្រោម​ប៉ុ​ណ្ណោះ ។

លោក​ធិ​ន វិចិត្រ បានឱ្យ​ដឹង​ទៀត​ថា ពេល​ទៅ​ដល់​ប្រទេស​សិង្ហ​បុរី​ល្ងាច​នេះ​ភ្លាម គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​ថ្លឹង​ចាប់​គូ​ទម្ងន់​៤៨​គីឡូក្រាម​មុន លុះដល់​ថ្ងៃ​ទី​១១ ទើប​ចាប់ផ្តើម​ប្រកួត​តែ​ម្តង ។ ចំណែក​ប្រទេស​ដែល​ត្រូវ​ចូលរួម​ប្រកួត​វិញ្ញាសា​ចំបាប់​នេះ​មាន​ចំនួន​៧ គឺ​សិង្ហ​បុរី​, វៀតណាម​, ឥណ្ឌូ​ណេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, ថៃ​, កម្ពុជា និង​ហ្វី​លី​ពី​ន ។ កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​បែប​នេះ​រួច​ម្តង​មក​ហើយ​កាលពី​ឆ្នាំ​២០១៤ ដែល​កាល​ណោះ​ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​បូក​អូស្ត្រាលី ដោយ​ដណ្តើម​បាន​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​២​គ្រឿង ។ ចំណែក​ការ​ប្រកួត​លើក​នេះ លោក​មិន​ហ៊ាន​ធានា​ថា​យ៉ាងណា​នោះ​ទេ ប៉ុ​ន្តែ​លោក​នៅ​តែ​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​ដណ្តើម​មេដាយ​ពី​ការ​ប្រកួត​នេះ ។ ជាមួយ​គ្នា​នេះ លោក​បាន​ថ្លែងអំណរគុណ​ដល់​លោក Casey Barnett នាយក​សាលា CanEd ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​លើក​នេះ ក៏​ដូច​ជា​លោក​ឧកញ៉ា ប៉ែន កាក់ បាន​ជួយ​ឧបត្ថម្ភ​ចំនួន​៥០០​ដុល្លារ​សហរដ្ឋអាមេរិក​ផង​ដែរ ៕
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment