Monday, June 15, 2015

ស្ថិរភាព​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ដុល្លារ​ប្រែប្រួល​តិចតួច​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​2014 ដល់​បច្ចុប្បន្ន និង​មាន​តម្លៃ​ទាប​ជាង​ឆ្នាំ​មុន​ៗ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បំរែបំរួល​ប្រាក់​រៀល​ខ្មែរ ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក ឃើញ​ថា​ប្រែប្រួល​តិចតួច និង​មាន​តម្លៃ​ទាប​ជាង​ឆ្នាំ​មុន​ៗ ។ ជា​រៀង​រាល់​ឆ្នាំ​ប្រាក់​រៀល​ប្រែប្រួល​ឡើងថ្លៃ នៅ​អំឡុង​ពេល​ដើមឆ្នាំ និង​ចុងឆ្នាំ ប៉ុន្តែ​សម្រាប់​ចុងឆ្នាំ ២០១៤ និង​ដើមឆ្នាំ​២០១៥​នេះ មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ គឺ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ស្ថិត​ក្នុង​រង្វង់​លើ​៤.០០០​រៀល តិចតួច​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក​។
តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​បង្ហាញ​ដែរ​ថា ប្រាក់​រៀល​កាលពី​ដើមឆ្នាំ ២០១៤ មាន​តម្លៃ​បន្ដិច គឺ​ក្រោម​៤.០០០​រៀល​ក្នុង​១​ដុល្លារ​សហរដ្ឋអាមេរិក រហូត​ដល់​ខែមីនា ឆ្នាំ​២០១៤ ប្រាក់​រៀល​នៅ​តែ​រក្សា​តម្លៃ​បាន​ក្រោម​៤.០០០​រៀល​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក​ដដែល​។ ប៉ុន្តែ​ចូល​ដល់​ខែមេសា រហូត​ដល់​ដំណាច់ឆ្នាំ​២០១៤ ប្រាក់​រៀល​ចាប់ផ្ដើម​ធ្លាក់​ថ្លៃ​បន្តិច​ម្ដង​ៗ  ហើយ​បាន​កើនឡើង​បន្តិច​វិញ នៅ​ដើមឆ្នាំ​២០១៥ តែបើ​ធៀប​នឹង​ឆ្នាំ​២០១៤  តម្លៃ​ប្រាក់​រៀល​នៅ​មាន​កម្រិត​ទាប​ជាង ។
អ្នកជំនាញ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ដែរ​ថា ការ​ប្រែប្រួល​តម្លៃ​ប្រាក់​រៀល​ក្នុង​រង្វង់​ប៉ុណ្ណេះ វា​មិន​បាន​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ប្រាក់​រៀល​យើង​ទេ ព្រោះ​យើង​បាន​រក្សា​វា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ គឺ​នៅ​រង្វង់​ក្រោម​៤.០០០ និង​លើ​តិចតួច​ប៉ុណ្ណោះ​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ។
យោង​តាម​ការ​បញ្ជាក់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​ធនាគារ​ដទៃ​ទៀត​នៅ​កម្ពុជា ប្រាក់​រៀល​តែង​ប្រែប្រួល​ទៅ​តាម​តម្រូវការ​របស់​វា ជាក់ស្ដែង​នៅ​ចុងឆ្នាំ និង​ដើមឆ្នាំ តម្រូវការ​ប្រាក់​រៀល​យក​ទៅ​បង់ពន្ធ​អាជីវកម្ម​ផ្សេង​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រាក់​រៀល​ចាប់ផ្ដើម​មាន​តម្លៃ ។
គួរ​បញ្ជាក់​ថា នៅ​ចុងខែ​ឧសភា ២០១៥ នេះ អត្រា​ទិញ​-​លក់ ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ គឺ​មាន​តម្លៃ​ជិត​៤.១០០​រៀល​ក្នុង​១​ដុល្លារ ដែល​កាលពីដើម​ឆ្នាំ​២០១៥ ស្ថិត​ក្នុង​រង្វង់​៤០៥០​រៀល​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ៕
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment