Saturday, July 4, 2015

លំ​ហាត់ប្រាណ​ទៀងទាត់​ជា​គន្លឹះ​សំខាន់​នាំ​ឱ្យ​អាយុ​វែង

លំ​ហាត់ប្រាណ​ទៀងទាត់​ជា​គន្លឹះ​សំខាន់​នាំ​ឱ្យ​អាយុ​វែង

រស់នៅ​ល្អ ទំនាក់ទំនង​ល្អ​ក្នុង​សង្គម​គួប​ផ្សំនឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​គឺជា​គន្លឹះ​សំខាន់​ទប់ស្កាត់​ភាព​ចាស់​ទៅ​តាម​វ័យ និង​ជួយ​ឱ្យ​អាយុ​យឺនយូរ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ។
ជា​ការ​ពិត​ណាស់ មាន​អារម្មណ៍​ឯកោ​ខ្លាំង​លើសលប់​អាច​បង្កើន​ឱកាស​ស្លាប់​មុន​អាយុ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដល់​ទៅ​១៤​ភាគរយ នេះ​បើ​យោង​តាម​លោក​John Cacioppo  សាស្ត្រាចារ្យ​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ University of Chicago ។
លោក​បាន​កត់​សម្គាល់ថា ការ​វិភាគ​យ៉ាង​ទូលំទូលាយ​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ជា​ច្រើន បោះពុម្ពផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០១០​បាន​បង្ហាញ​ថា ភាព​ឯកោ​ក្នុង​សង្គមមនុស្ស​បង្កើន​ហានិភ័យ​នាំ​ឱ្យ​ស្លាប់​មុន​អាយុ​ដល់​ទៅ​ទ្វេ​ដង ។
លោក​Cacioppo​បាន​និយាយ​ថា ចូល​និវត្តន៍​ទៅ​កាន់​រដ្ឋ​ផ្ល​រី​ដា​ហើយ​រស់នៅ​ក្នុង បរិយាកាស​ស្ងប់ស្ងាត់​ក្នុង​ចំណោម​មនុស្ស​ចម្លែក គឺ​មិនមែន​ជា​រឿង​ល្អ​ទេ ប្រសិនបើ​វា​មាន​ន័យ​ថា អ្នក​ត្រូវ​បាន​ផ្តាច់​ចេញពី​មនុស្ស​ដែល​ជាទី​ស្រឡាញ់​ភាគច្រើន​របស់​អ្នក ។
ជា​រឿយ​ៗ ភាព​ឯកា​គួប​ផ្សំ​នឹង​បែបបទ​នៃ​ការ​រស់នៅ​ទំនេរ​ច្រើន​ជា​បច្ច័យ​សំខាន់​នាំ​ឱ្យ​សុខភាព​របស់​មនុស្ស​ម្នាក់​ចុះ​ខ្សោយ​ជា​លំដាប់ ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​សាមញ្ញ​ៗ​ឱ្យ​បាន​ទៀងទាត់​ដូច​ជា ដើរ ឬ​រត់​មិន​គ្រាន់តែ​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​វង្វេងវង្វាន់​បាន​៥០​ភាគរយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​បន្ថយល្បឿន​នៃ​ភាព​ចាស់​ទៅ​តាម​អាយុ​របស់​ខួរក្បាល​បាន​ទៀត​ផង ។
លោក Kirk Erickson សាស្ត្រាចារ្យ​សាកលវិទ្យាល័យ University of Pittsburgh​បាន​ថ្លែង​ថា នៅ​ពេល​វ័យ​កាន់តែ​ចាស់​ទៅ កម្លាំង​ថាមពល​របស់​ខួរក្បាល​ក៏​ថយ​ចុះ​ផង​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី ការ​ធ្វើ​សកម្មភាព​រាង​កាយ​ពិតជា​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ការ​បំពេញ​មុខងារ​ជា​ទូទៅ​របស់​ខួរក្បាល​ជា​ពិសេស​ជួយ​បង្កើន​ទំហំ​សរសៃ​ពណ៌​ខៀវ hippocampus ដល់​ទៅ​២​ភាគរយ ។ លោក​ថា ការ​កើនឡើង​ទំហំ​hippocampus ២​ភាគរយ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ភាព​ចាស់​របស់​ខួរក្បាល​បាន​ពី​១​ឆ្នាំទៅ​២​ឆ្នាំ និង​ព្រមទាំង​ជួយ​ជំរុញ​សមត្ថភាព​ផ្លូវចិត្ត​ផង​ដែរ ៕
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment