លំហាត់ប្រាណទៀងទាត់ជាគន្លឹះសំខាន់នាំឱ្យអាយុវែង
ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១០:៥៨
រស់នៅល្អ ទំនាក់ទំនងល្អក្នុងសង្គមគួបផ្សំនឹងការធ្វើលំហាត់ប្រាណទៀងទាត់គឺជាគន្លឹះសំខាន់ទប់ស្កាត់ភាពចាស់ទៅតាមវ័យ និងជួយឱ្យអាយុយឺនយូរ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ។
ជាការពិតណាស់ មានអារម្មណ៍ឯកោខ្លាំងលើសលប់អាចបង្កើនឱកាសស្លាប់មុនអាយុចំពោះមនុស្សវ័យចំណាស់ដល់ទៅ១៤ភាគរយ នេះបើយោងតាមលោកJohn Cacioppo សាស្ត្រាចារ្យចិត្តវិទ្យានៅសាកលវិទ្យាល័យ University of Chicago ។
លោកបានកត់សម្គាល់ថា ការវិភាគយ៉ាងទូលំទូលាយទៅលើលទ្ធផលនៃការសិក្សាជាច្រើន បោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០១០បានបង្ហាញថា ភាពឯកោក្នុងសង្គមមនុស្សបង្កើនហានិភ័យនាំឱ្យស្លាប់មុនអាយុដល់ទៅទ្វេដង ។
លោកCacioppoបាននិយាយថា ចូលនិវត្តន៍ទៅកាន់រដ្ឋផ្លរីដាហើយរស់នៅក្នុង បរិយាកាសស្ងប់ស្ងាត់ក្នុងចំណោមមនុស្សចម្លែក គឺមិនមែនជារឿងល្អទេ ប្រសិនបើវាមានន័យថា អ្នកត្រូវបានផ្តាច់ចេញពីមនុស្សដែលជាទីស្រឡាញ់ភាគច្រើនរបស់អ្នក ។
ជារឿយៗ ភាពឯកាគួបផ្សំនឹងបែបបទនៃការរស់នៅទំនេរច្រើនជាបច្ច័យសំខាន់នាំឱ្យសុខភាពរបស់មនុស្សម្នាក់ចុះខ្សោយជាលំដាប់ ។ ការធ្វើលំហាត់ប្រាណសាមញ្ញៗឱ្យបានទៀងទាត់ដូចជា ដើរ ឬរត់មិនគ្រាន់តែអាចកាត់បន្ថយហានិភ័យពីជំងឺសរសៃឈាមបេះដូង និងជំងឺវង្វេងវង្វាន់បាន៥០ភាគរយប៉ុណ្ណោះទេ តែវាក៏អាចជួយបន្ថយល្បឿននៃភាពចាស់ទៅតាមអាយុរបស់ខួរក្បាលបានទៀតផង ។
លោក Kirk Erickson សាស្ត្រាចារ្យសាកលវិទ្យាល័យ University of Pittsburghបានថ្លែងថា នៅពេលវ័យកាន់តែចាស់ទៅ កម្លាំងថាមពលរបស់ខួរក្បាលក៏ថយចុះផងដែរ។ ទោះជាយ៉ាងនេះក្តី ការធ្វើសកម្មភាពរាងកាយពិតជាជួយធ្វើឱ្យល្អប្រសើរដល់ការបំពេញមុខងារជាទូទៅរបស់ខួរក្បាលជាពិសេសជួយបង្កើនទំហំសរសៃពណ៌ខៀវ hippocampus ដល់ទៅ២ភាគរយ ។ លោកថា ការកើនឡើងទំហំhippocampus ២ភាគរយនេះនឹងជួយកាត់បន្ថយភាពចាស់របស់ខួរក្បាលបានពី១ឆ្នាំទៅ២ឆ្នាំ និងព្រមទាំងជួយជំរុញសមត្ថភាពផ្លូវចិត្តផងដែរ ៕































